ការ​សាងសង់​អគារ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញថ្មី ត្រូូវ​បាន​បុគ្គលិក​ពេទ្យ​ចោទថា ជាអំពើ​ឃុប​ឃិត​របស់​ប្រធាន​មន្ទីរ

ការ​សាងសង់​អគារ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញថ្មី ត្រូូវ​បាន​បុគ្គលិក​ពេទ្យ​ចោទថា ជាអំពើ​ឃុប​ឃិត​របស់​ប្រធាន​មន្ទីរ

ដោយ ៖ ជាតិ
មន្ទីរពេទ្យសម្ភពក្រុង ដែលផ្លាស់ឈ្មោះ មកជាមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ទោះបីជាមានទីធ្លាធំបន្តិចមែន ! ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅរហូតដល់ ២លាននាក់ គឺពិតជា មិនអាចផ្តល់សេវាបំរើអ្នកជំងឺឱ្យបានទូលំទូលាយនោះឡើយ ។

តើការផ្ទុះបាតុកម្មប្រឆាំងការលក់ដី មួយផ្នែក នៃមន្ទីរពេទ្យ បង្អែករាជធានី ក្រោមហេតុផលវិនិយោគសាងសង់អគារថ្មី ដែល ស្ថិតនៅខាងក្រោយអគារចាស់ គឺពិតជាបានបង្ហាញ ឱ្យឃើញ ច្បាស់ណាស់ថា ការវិនិយោគបែបនេះ គឺវាបានស្តែងចេញពីអំពើឃុបឃិតពុករលួយតាមរយៈ ក្រុមឈ្មួញ និងប្រធាន មន្ទីរលោក សុខ សុគន្ធ តែម្តង ។

មានលទ្ធភាពច្រើនណាស់ដែលអាចស្វែងរកថវិកាមកកសាងអគារមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឱ្យមានស្ថានភាព ទំនើប និងល្អប្រណីតបានតាមរយៈអង្គការអន្តរជាតិនានារួមទាំងសប្បុរសជននៅរាជធានីភ្នំពេញផងនោះ គឺពិតជា មិន ចាំបាច់ ត្រូវដោះដូរដីមន្ទីរពេទ្យមួយផ្នែកទៅឱ្យឈ្មួញនោះឡើយ ។ ព្រោះបើផ្អែកតែទៅលើចំណូល ដែលសាលា រាជ ធានីភ្នំពេញ ប្រមូលបានក្នុងមួយថ្ងៃ គឺអាចសឹងតែយកមកកសាងអគារថ្មីហើយទំនើប សម្រាប់មន្ទីរពេទ្យ បង្អែករាជធានី ភ្នំពេញ ដោយមិនចាំបាច់ទាញយកហេតុផលលើអគារទ្រុឌទ្រោមអាចបាក់សង្កត់បណ្តាលឱ្យស្លាប់មនុស្ស គឺគ្រាន់តែ លេសដែលខ្វះការ ទទួលខុសត្រូវតែប៉ុណ្ណោះ ។

ទោះបីមានការអះអាងពីលោក សុខ សុគន្ធ នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញលើការបញ្ចៀសគ្រោះថ្នាក់ដោយ អគារទ្រុឌទ្រោម ដោយតម្រូវឱ្យមានការវិនិយោគជាចាំបាច់យ៉ាងណាក៏ដោយ ប៉ុន្តែមន្ត្រីបុគ្គលិកពេទ្យបង្អែក ដែលកំពុង កាន់ បដាធ្វើបាតុកម្មបានហៅការវិនិយោគរបស់លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញថា ជាចេតនាលក់ មន្ទីរ ពេទ្យបង្អែក រាជធានីភ្នំពេញ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ។ ព្រោះការប្រើពាក្យវិនិយោគ ក្នុងលក្ខខណ្ឌ ដោះដូរបែបហ្នឹង មិនមែនជារឿងថ្មីនោះទេ សម្រាប់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលតែងតែយកកន្លែងមន្ទីរពេទ្យ បង្អែកទៅលក់ក្រោម ហេតុផលថា វិនិយោគឱ្យកាន់តែមានភាពតូចចង្អៀតបែបហ្នឹង ។

ជាក់ស្តែងមន្ទីរពេទ្យបង្អែកខណ្ឌចំការមន ជាភស្តុតាងស្រាប់ដែលគេដឹងថា មានការសម្រេចពីសាលារាជធានីភ្នំពេញ លើការកែលម្អអគារថ្មី ប៉ុន្តែការពិត គឺស៊ីដាច់តែម្តងរឿងអីមិនឱ្យបុគ្គលិកមន្ទីរពេទ្យត្រូវឱបដៃចាំមើលលោក សុខ សុគន្ធ ប្រមូលលុយច្រកហោប៉ៅក្រោមរូបភាពអភិវឌ្ឍន៍ទៅកើតនោះ ។

ប្រសិនបើការវិនិយោគដើម្បីអភិវឌ្ឍមន្ទីរពេទ្យបង្អែកឱ្យកាន់តែមានភាពទំនើបពិតប្រាកដមែន គឺតម្រូវឱ្យមានការ ប្រជុំ ពិភាក្សាគ្នារវាងបុគ្គលិកមន្ទីរពេទ្យជាមុន ពិសេសគឺបានដាក់ការត្រួតពិនិត្យទៅលើការវិនិយោគឱ្យអង្គភាពប្រឆាំង អំពើ ពុករលួយជាអ្នកតាមដានទើបអាចចាត់ទុកបានថា ការវិនិយោគនោះ មិនបានបំរើឱ្យផលប្រយោជន៍ បុគ្គលអ្នកមាន អំណាច បាន ព្រោះអង្គភាពប្រឆាំងអំពើពុករលួយដែលបង្កើតដោយរាជរដ្ឋាភិបាល គឺដើម្បីទប់ស្កាត់អំពើពុករលួយនៅ ក្នុងស្ថាប័ន រដ្ឋទាំងមូល ។ ប៉ុន្តែការវិនិយោគស្ងាត់ៗដោយមិនទាំងបានដាក់ចេញនូវកម្មវត្ថុឱ្យមន្ត្រីក្រោមឱវាទបានចូល រួមពិភាក្សា ដោយគ្រាន់តែប្រកាសថា ក្នុងនាមថ្នាក់ដឹកនាំ គឺត្រូវតែទទួលខុសត្រូវទៅវិញនោះ គឺពិតជាស្តែងឱ្យឃើញ ពីចេតនាស្វែងរក ផលប្រយោជន៍សុទ្ធសាធ សម្រាប់បុគ្គលជាប្រធានមន្ទីរពេទ្យបង្អែក និងនាយកមន្ទីរសុខាភិបាល ហើយអាចពាក់ព័ន្ធដល់ការ សម្រេចរបស់មន្ត្រីថ្នាក់ក្រសួងថែមទៀតផង ៕

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.