ដោយ ៖ ញ៉េប ចាន់ដារី
ប្រទេសខ្មែរ ដែលប្រកាន់យករបបដឹកនាំ ប្រជាធិបតេយ្យ សេរី ពហុបក្សបុគ្គលគ្រប់រូបត្រូវបានធានាលើសិទ្ធិសេរីភាព ដែលមាន ចែងក្នុងច្បាប់ ។ ប៉ុន្តែករណីសេរីភាពយាយព្រឿង ដែលប្រើ ឡានប្រភេទយីឌុប ដឹកឈើប្រណីតចេញពីខេត្តស្ទឹងត្រែង ឆ្លង កាត់ខេត្តក្រចេះចូលទៅស្រុកមេមត់ ខេត្តកំពង់ចាម រួចដឹកឈើ ប្រណីតចេញតាមច្រកចាន់មូល ចូលទៅលក់នៅ ប្រទេសវៀត ណាមបានដោយសេរី បែបហ្នឹង គឺពិតជាសេរីភាពមួយ ដែល បុគ្គលយាយព្រឿង កំពុងប្រើហួសពីព្រំដែនច្បាប់ ធ្លាក់ចូល ទៅ ក្នុងឧក្រិដ្ឋកម្មបទល្មើសព្រៃឈើ ដែលប្រមុខរាជរដ្ឋា ភិបាល បានធ្វើការប្តេជ្ញាចិត្តប្រើកណ្តាប់ដៃដែកក្នុងការបង្ក្រាប ។
ពិតណាស់ថា យាយព្រឿង ដែលប្រើឡានប្រភេទយីឌុបដឹកឈើប្រណិតចេញពីខេត្តស្ទឹងត្រែង ក្នុងមួយថ្ងៃៗ គេសង្កេត ឃើញមានរថយន្តខ្នាតធំយីឌុប ៣គ្រឿងដឹកចេញទៅដល់ស្រុកមេមត់ ខេត្តកំពង់ចាមរួចឆ្លងចូលច្រកចាន់មូល បាន ដោយរលូនបែបហ្នឹង គឺសុទ្ធសឹងតែមានការពាក់ព័ន្ធជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ក៏ដូចជា នាយ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះរួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកមេមត់ថែមទៀតផង ទើបអាចនាំឈើប្រណីត ទៅ ដល់គោលដៅបាន ។ ម៉្យាងវិញទៀតឡានដែលយាយព្រឿង ប្រើក្នុងការដឹកឈើប្រណីតចេញពីខេត្តស្ទឹងត្រែង គឺសុទ្ធ សឹងតែគ្របតង់ ជិតសំដៅឱ្យគេទទួលស្គាល់ថា ជាឡានប្រភេទក្រុមហ៊ុន ប៉ុន្តែការពិតគឺបង្កប់ទៅដោយឈើប្រណីត ដឹកចេញរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ចជំនាញ ឬកម្លាំងសមត្ថកិច្ចខេត្តទាំងបីយកភ្នែកមើលឡើយ ។
ពាក្យថា សេរីភាពអាចមានភាពស្មើគ្នាចំពោះមុខច្បាប់ គឺជារឿងច្បាប់ ដោយឡែកប៉ុន្តែសម្រាប់សេរីភាពយាយ ព្រឿង ដែលកំពុងធ្វើសកម្មភាពដឹកឈើប្រណីតយ៉ាងសកម្ម គឺពិតជាធ្លាយសំណាញ់ច្បាប់ហើយបើនៅតែទុកកៅអីប្រធាន រដ្ឋ បាលព្រៃឈើឱ្យលោក ឆេង គឹមស៊ុន អង្គុយសោយរាជ្យតទៅទៀត បញ្ហាព្រៃឈើ គឺពិតជាមិនអាចទប់ស្កាត់ បាន ឡើយ ។
ជាក់ស្តែង រូបភាពរថយន្តយីឌុប ដែលផ្ទុកឈើប្រណីតប្រភេទឈើធ្នង់ពេញៗឡាន គឺជាតឹកតាងបញ្ជាក់ឱ្យឃើញ យ៉ាង ច្បាស់ក្រឡែតថា រាល់ចំណាត់ការស្ថាប័នជំនាញរដ្ឋបាលព្រៃឈើរយៈពេលកន្លងមក រហូតដល់បច្ចុប្បន្ន គឺអនុវត្តបាន តែទៅលើប្រជាពលរដ្ឋដឹកឈើធ្វើផ្ទះសង់លំនៅដ្ឋានតែប៉ុណ្ណោះ ចំណែកមេឈ្មួញធំៗដូចយាយព្រឿង គឺស្ងាត់ដូច ចោរ លួចសេះទៅវិញ ។
ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី ៥ នេះលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានចុះទៅអន្តរាគមន៍ក្នុងទឹកដី ខេត្តក្រចេះជម្រុញ ឱ្យមន្ត្រីជំនាញអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសព្រៃឈើ ដោយមិនត្រូវបណ្តែតបណ្តោយ ឬ ឃុបឃិត ជាមួយឈ្មួញឈើស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។ ប៉ុន្តែរាល់ការព្រមានរបស់លោក ឧបនាយក រដ្ឋមន្ត្រី យឹម ឆៃលី គឺពិតជាពុំបានធ្វើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តស្ទឹងត្រែង នៅខេត្តក្រចេះ និងនៅខេត្តកំពង់ចាម អនុវត្តតាមអនុសាសន៍ឱ្យមានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញគឺថែមទាំងបានឃុបឃិតជាមួយមេឈ្មួញធំៗស្វែង រកផល ប្រយោជន៍ផ្ទាល់ខ្លួនថែមទៀតផង ។
តឹកតាងរូបភាពឡានប្រភេទយីឌុបដូចបានចុះផ្សាយខាងលើនេះ វាបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ស្ថាប័នរដ្ឋបាល ព្រៃឈើ បាននិងកំពុងរុញច្រានការប្តេជ្ញាចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល លើការទប់ស្កាត់បទល្មើសព្រៃឈើ ឱ្យធ្លាក់ ទៅក្នុងស្ថានភាពបរាជ័យហើយ ។ ព្រោះស្ថាប័នរដ្ឋបាលព្រៃឈើ គឺជាអ្នកអនុវត្តចុះបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែបើ មន្ត្រីរដ្ឋបាលព្រៃ ឈើ ក្រោមអំណាចលោក ឆេង គឺមស៊ុន ស្វែងរកលាភសក្ការៈតែពីបទល្មើសព្រៃឈើទៅហើយនោះ គឺពិតជាមិនអាចថែរក្សា ព្រៃឈើឱ្យនៅគង់វង្សដូចការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី ៥ ប្រកបដោយការ ទទួលខុសត្រូវបាននោះឡើយ ៕