រ៉ឺម៉កខ្នាតយក្ស ដឹកឈើចេញពី ស្រុកសំបូរដល់ ខេត្តត្បូងឃ្មុំ ដោយសុវត្ថិភាព

មេឈ្មួញដែលប្រើ​ រ៉ឺម៉កខ្នាតយក្ស ឈ្មោះដា មានទីលំនៅក្នុង ភូមិតាលូបុស្សលាវ ស្រុកចិត្របូរី ខេត្តក្រចេះ តែងធ្វើសកម្មភាព ដឹកជញ្ជូនឈើ ប្រភេទលេខ1 (កកោះ) ចេញពីស្រុកសំបូរ តាមផ្លូវមាត់ទន្លេ ឆ្លងកាត់ស្រុកចិត្របូរី និងក្រុងក្រចេះ លើបណ្ដោយផ្លូវ73A ក្រចេះឆ្លូងចូលទៅ ខេត្តត្បូងឃ្មុំ ដោយសុវត្ថិភាព ។ ប្រភេទឈើលេខ1កកោះ ក្នុងមួយរ៉ឺម៉កប្រហែល 6ម៉ែតគូប តែងតែដឹកជញ្ជូន ជារៀងរាល់យប់ ដោយពុំឃើញសមត្ថកិច្ច ចុះបង្រ្កាបឡើយ ។

ជាក់ស្ដែងនៅវេលា​ ម៉ោង1រំលងអាធ្រាត ឈានចូលថ្ងៃទី06 សីហា រ៉ឺម៉កខ្នាតយក្សរបស់មេឈ្មួញ ឈ្មោះដា បានដឹកឈើលេខ1 ប្រភេទកកោះប្រមាណ 6ម៉ែតគូបពី ស្រុកសំបូ តាមផ្លូវមាត់ទន្លេ ឆ្លងកាត់ស្រុកចិត្របូរី និងក្រុងក្រចេះ តាមផ្លូវ73Aក្រចេះឆ្លូង ដោយពុំមានកម្លាំង សមត្ថកិច្ចចុះបង្រ្កាបឡើយ ។ បានជាគ្មានសមត្ថកិច្ច ចុះបង្រ្កាបព្រោះ មេឈ្មួញឈើឈ្មោះដា តែងបានរត់ការផ្ដល់ ព័ត៌មានទៅសមត្ថកិច្ច នៅពេលថ្ងៃរួចទៅហើយ ដោយតម្រូវឲ្យដឹក នៅពេលយប់ទើប អាចធានាសុវត្ថិភាពបាន ។

ប្រភពពីប្រជាពលរដ្ឋ នៅក្នុងខេត្តបានបញ្ជាក់ថា មិនថាយប់ឬថ្ងៃនោះទេ កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថក្រុងខេត្ត តែងរៀបចំកម្លាំង ប្តូរវេន24ម៉ោង ដើម្បីធានាដល់ សុខសុវត្ថិភាពក្នុងក្រុង ។ លើកលែងតែមានការ ឃុបឃិតជាមួយឈ្មួញ ឈើឈ្មោះដា ដើម្បីស្វែងរកផលប្រយោជន៍ទេ​ ទើបធ្វើឲ្យសកម្មភាព បទល្មើសដឹកឈើអាច ឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយទៀត រហូតអាចដឹកឆ្លងកាត់ ក្រុងក្នុងខេត្តបានដោយ គ្មានការបង្រ្កាបបែបហ្នឹង ។

សង្ឃឹមថាព័ត៌មានខាងលើ គឺជាតឹកតាងបញ្ជាក់ជូន ថ្នាក់ដឹកនាំសមត្ថកិច្ច មេត្តាចាត់វិធានការ ទប់ស្កាត់បទល្មើសព្រៃឈើ ដែលនៅសេសសល់ តិចតួចឲ្យមានប្រសិទ្ធភាពផង ទើបអាចធ្វើឲ្យចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ គោលនយោបាយនិង វិធានការទប់ស្កាត់ បទល្មើសព្រៃឈើ ទទួលបានជោគជ័យ ៕

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.