អំណោយសប្បុរសជន ក្រសួងមហាផ្ទៃ ចែកជូនពលរដ្ឋ នៅឃុំត្រពាំងជោ

នៅព្រឹកថ្ងៃទី21 ឧសភា ឆ្នាំ2021 មានរៀបចំពិធីចែក អំណោយនៅ វត្តអង្គររិទ្ធី ហៅវត្តត្រពាំងជោ ចំនួន50គ្រួសារ មកពី16ភូមិ ក្នុងឃុំត្រពាំងជោ ដែលសុទ្ធសឹងជាពលរដ្ឋ ដែលជួបការលំបាក ខ្វះខាតខ្លាំងស្ថិតក្នុង កាលៈទេសៈដែល ប្រទេសជាតិកំពុង ទទួលរងនូវជំងឺ រាតត្បាតCOVID19 ដោយពុំមានការរើសអើង ពាក់ពន្ធ័នឹងនយោបាយឡើយ ។

អំណោយសប្បុរសជន ក្រសួងមហាផ្ទៃដឹកនាំ ដោយលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជា ប្រឆាំងជំងឺCOVID19 ដោយមានការចូលរួម ជាអធិបតីពី ឯកឧត្ដម ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម សរ ខេង​ អមដំណើរដោយ អភិបាល អភិបាលរងស្រុកឱរ៉ាល់ អធិការនគរបាលរួមទាំង មេឃុំនិងមេប៉ុស្ដិ៍ទាំង5ឃុំ ក្នុងស្រុកឱរ៉ាល់ផងដែរ ។

ស្ថិតក្នុងឱកាសទទួល អំណោយសប្បុរសជន មូលនិធិកម្ពុជាប្រឆាំង COVID19 ឯកឧត្ដម ឧកញ៉ា ឆាយ សុធា បានលើកឡើងថា ទោះបីការចែកអំណោយ ពេលនេះមិនអាច ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នៅទូទាំងឃុំត្រពាំងជោក្ដី ប៉ុន្តែវាមានសារៈសំខាន់ ចំពោះប្រជាពលរដ្ឋ ក្រីក្រជួបការលំបាក ស្ថិតក្នុងស្ថានភាព ជំងឺCOVID19 ដែលកំពុងរាតត្បាត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាកស្រាប់ អាចដោះស្រាយទុក្ខលំបាក បានមួយរយៈផងដែរ ។ ឯកឧត្ដម ឧកញ៉ា បានបញ្ជាក់ថានិង បន្តខិតខំស្វែងរកជំនួយ សង្គ្រោះពីសម្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមចំណែកចែក ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ស្របតាមគោលនយោបាយ អាទិភាពរបស់រាជ ប្រមុខរដ្ឋាភិបាល ដែលមានសម្ដេច ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ត្រូវស្លាប់ ដោយសារអត់បាយ ជាដាច់ខាត ។

សូមបញ្ជាក់ថា អំណោយមូលនិធិកម្ពុជា ប្រឆាំងជំងឺCOVID19 ចែកជូនប្រជាពលរដ្ឋ ទាំង50គ្រួសារនៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ25គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីមួយយួរ មីម៉ាម៉ាមួយកេស និងត្រីខ10កំប៉ុង ។ ក្នុងឱកាសនេះដែរ ក៏មានប្រគេនដល់ ព្រះសង្ឃក្នុងវត្តនូវ អង្ករ100គីឡូក្រាម និងមីប្រាំកេស ផងដែរ ។

ក្រៅពីគ្រឿងឧបភោគបរិភោគ ឯកឧត្ដម ឧកញ៉ា ឆាយ សុធា ក៏បានចែកជូនប្រជាពលរដ្ឋ នូវថ្នាំពេទ្យមួយចំនួនធំ ដើម្បីការពារសុខភាព ប្រជាពលរដ្ឋដែលកំពុង រស់នៅក្នុងតំបន់ដែល រងនូវជំងឺគ្រុនចាញ់ ដោយសំណូមពរ ឲ្យពិសាទឹកឆ្អិន និងលាងសម្អាតដៃ ឲ្យបានញឹកញាប់ ដើម្បីការពារជំងឺCOVID19 តាមការណែនាំរបស់ ក្រសួងសុខាភិបាល គឺបីកុំ និងបីការពារ ទើបអាចយកឈ្នះជំងឺ រាតត្បាតCOVID19 ឲ្យទទួលបានជោគជ័យ នាពេលដ៏ខ្លីខាងមុខបាន ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.