ទោះមានបំរាមជួបជុំ ក៏សកម្មភាពបើក ល្បែងស៊ីសងនៅ តែមានក្នុង ខេត្តរតនៈគីរី

ដោយសារ៉ាន់នេត : សកម្មភាពពពាក់ពពូន ក្នុងវង់ល្បែងស៊ីសង បើកកន្លែងសង្វៀន ជល់មាន់ អាប៉ោង យ៉ូគី យ៉ាងគគ្រឹកគគ្រេងនៅ ចំណុចចម្ការស្វាយចន្ទីរ ស្ថិតក្នុងភូមិភ្នំយោល សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនៈគីរី ។ លោកយិន ចំណាន ស្នងការនគរបាលខេត្ត ទំនងជាបានសើមមាត់ខ្លាំង ទើបពុំខ្វល់ពីវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ ។ បំរាមក្នុងការជួបជុំ គឺជាកំហុសឆ្គងរបស់ អាជ្ញាធរនិង សមត្ថកិច្ចរតនៈគីរី ចំណែកការឃុបឃិត បើកល្បែងស៊ីសង គឺជាបទល្មើសមួយ ផ្សេងទៀតដែល តម្រូវឲ្យអាជ្ញាធរ និងសមត្ថកិច្ច ក្នុងខេត្តរតនៈគីរី ត្រូវទប់ស្កាត់ឲ្យស្របទៅនឹង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង9ចំណុចដើម្បី ធានាដល់សុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ។

ជាក់ស្ដែងនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី9 ទី10 ទី11 ខែមេសា 2021 នេះ សកម្មភាពមេខ្លោង ល្បែងឈ្មោះអាតន បានបើកលេងយ៉ាងគឃ្លើន ទោះបីក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការ ក្ដៅដើម្បីរក្សាគម្លាត និងពាក់ម៉ាស់តាមពាក្យ ស្លោក3កុំ 3ការពារ ដើម្បីការពារការឆ្លង រាលដាលពីមេរោគ COVID19 ឲ្យមានប្រសិទ្ធភាព ។ ផ្ទុយទៅវិញនៅក្នុង អាណាចក្រខេត្តរតនៈគីរី ក្រោមការដឹកនាំ បញ្ជាពីឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនៈគីរី  ដែលមានលោក យិន ចំណាន ស្នងការខេត្តជាសេនាធិការ ក្នុងការអនុវត្តន៍ ហាក់មានចេតនា ស្វែងរកលាភសក្ការៈ តាមបទល្មើសក៏ដូច ប្រឆាំងទៅនឹងបំរាម របស់ប្រមុខរាជរដ្ឋាភិបាល ទៅវិញ ។

ដូចឃើញក្នុងរូបភាព ជាភស្ដុតាងស្រាប់ ដែលភ្នាក់ងារសារព័ត៌មានជាតិ ថតនៅទីតាំងបទល្មើស កាលពីថ្ងៃសៅរ៍ ទី10​ មេសា កាលពីម្សិលមិញ រហូតដល់ថ្ងៃអាទិត្យ ទី11 មេសា នេះក៏នៅតែបន្ត​ បើកលេងដដែល ។ សង្ឃឹមថានាយឧត្ដមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលទទួលបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើស គ្រប់ប្រភេទជាពិសេស ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺ COVID19 ដែល តម្រូវឲ្យមានចំណាត់ការ ច្បាស់លាស់ចំពោះ មន្រ្តីនគរបាលដែល ស្វែងរកលាភសក្ការៈ ក្នុងពេលដែល ប្រមុខរាជរដ្ឋាភិបាល កំពុងមមាញឹកដើម្បី ទប់ស្កាត់ការរីករាលដាល ជំងឺCOVID19​ ឲ្យមានប្រសិទ្ធភាព ។ បើទុកឲ្យមន្រ្តីនៅ តែបន្តផ្គើននឹងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល បែបហ្នឹង បញ្ហាទប់ស្កាត់មេរោគរាត្បាត និងបរាជ័យហើយ សង្គមជាតិទាំងមូល នឹងបន្តរងគ្រោះកាន់តែខ្លាំង ជាក់ជាមិនខាន ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.