ដឹកឈើចេញពី ព្រៃឡង់ រាល់យប់ សង្ស័យ ឃុបឃិត ជាមួយមន្ត្រី បរិស្ថាន

សកម្មភាព ដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ ៣គ្រឿង នៅថ្ងៃទី៩ មករា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទីយប់ ចេញពីចំណុច វាលស្នួល និងកំប៉ូតកូយ ក្នុងឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ ។ ប្រភពច្បាស់ការ បានបញ្ជាក់ថា គ្រប់គោយន្តកន្ត្រៃ និងរថយន្ត កែច្នៃដឹកឈើចេញពី ដែនអភិរក្ស ព្រៃឡង់គឺ សុទ្ធសឹងតែត្រូវ ឆ្លងកាត់ស្នាក់ការ មន្ត្រីបរិស្ថាន ដែលប្រចាំការនៅតំបន់ព្រៃឡង់ ដោយគ្រាន់តែតម្រូវ ឲ្យបង់លុយឈ្មោះធី ជាប្រធានស្នាក់ការ គឺអាចដឹកចេញបាន ។

តាមការបញ្ជាក់ ឲ្យដឹងគឺឈើ ដែលដឹកចេញ ពីព្រៃឡង់ក្រោម ការគ្រប់គ្រង របស់ប្រធានស្នាក់ការឈ្មោះ លោកធី ក្នុងឃុំបឹងចារ ស្រុកសំបូរ ឆ្លងចូលទៅ ស្រុកព្រែកប្រសព្វ រួចបន្តដកឆ្លងកាត់តាមច្រក បែកអន្លូង ចូលស្រុកស្ទឹងត្រែង និងស្រុកចំការលើ ក្នុងទឹកដី ខេត្តកំពង់ចាម ។

មិនដឹងថា លោកឆាយ សាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ ដែលសម្រេចធ្វើការ ផ្លាស់ប្ដូរតែងតាំង ឲ្យលោកធី ទៅកាន់ប្រធាន ស្នាក់ការ បរិស្ថាន ប្រចាំតំបន់ព្រៃឡង់ ក្នុងគោលបំណងដើម្បីរឹតបន្តឹង ការពារព្រៃឡង់ ឬដើម្បីស្វែងរក ផលប្រយោជន៍ ឲ្យប្រាកដនោះទេ ទើបសកម្មភាព ដឹកជញ្ជូនឈើ ចេញពីដែនអភិរក្ស មួយនេះ ពុំមានការ បង្ក្រាប ទាល់តែសោះ ។ ព្រោះកន្លងមក មន្ត្រីរដ្ឋបាលព្រៃឈើ លោកតែងតែ លើកហេតុផល ដោយធ្វើការ ប្រៀបធៀបទៅនឹង ទំហំព្រៃឈើ និងមន្ត្រីជំនាញ មានតិចតួចលោក ដែលមិនអាច ការពារសកម្មភាព បទល្មើស ព្រៃឈើបាន ។

ដោយមើលឃើញ ពីចម្លើយ​ដោះបន្ទុក ដែលត្រូវគណនា ទំហំដីព្រៃអភិរក្ស ទៅនឹងកម្លាំងសមត្ថកិច្ច ជំនាញនេះហើយ ទើបសម្ដេចនាយករដ្ឋមន្ត្រី លើកជាចម្ងល់ឲ្យ ស្រួលស្ដាប់ថា តើសកម្មភាព បទល្មើសព្រៃឈើ គាត់ដឹកចេញ ពីព្រៃរួចដឹកតាមផ្លូវ ឬយ៉ាងណា ទើបមិនអាចការពារបាន ។ ជាក់ស្ដែង គោយន្តកន្ត្រៃ ដែលដឹកឈើ ចេញពីព្រៃឡង់គឺ ត្រូវឆ្លងកាត់ស្នាក់ការមន្ត្រី​បរិស្ថាន ក្នុងដែនអំណាច លោកធី គឺជាតឹកតាងបញ្ជាក់ បានយ៉ាងច្បាស់ថា បើគ្មានការ ឃុបឃិត លើមន្ត្រីជំនាញ បទល្មើសព្រៃឈើ ដែលដឹកតាមផ្លូវ ដូចការយល់ឃើញ របស់សម្ដេចនាយករដ្ឋមន្ត្រី ក៏មិនអាចធ្វើ សកម្មភាព បាននោះដែរ ។

រំពឹងថា ស្ថិតក្រោមចំណាត់ការ ឯកឧត្ដមសាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដែលលទ្ធភាព និងភាពជឿទុកចិត្តពី ប្រមុខរាជរដ្ឋាភិបាល រហូតមាន ការសម្រេច បែងចែកតួនាទីក្នុងការគ្រប់គ្រង ដែនអាភិរក្សព្រៃឈើ ចេញពីការគ្រប់គ្រង របស់រដ្ឋាភិបាលព្រៃឈើ ពិតជាត្រូវស្វែងរកវិធាន ការទប់ស្កាត់ បទល្មើសព្រៃឈើ ដោយមិនបណ្ដែតបណ្ដោយ ឲ្យមន្ត្រីខិលខូលបន្តស្វែងរក ផលប្រយោជន៍ ពីបទល្មើស បានដោយ គ្មានចំណាត់ការ នោះឡើយ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2021 La Presse Nationale. All rights reserved. XHTML / CSS Valid.